
( ត្បូងឃ្មុំ ): ដំឡូងជ្វាគឺជារុក្ខជាតិមួយប្រភេទ ដើមមានរាងវ័លិ៍ ដែលបន្តពូជដោយដើមខ្នែងឬមើមកណ្ដៀង ហើយប្រជាពលរដ្ឋភាគច្រើន និយមចូលចិត្តទទួលទានមើមដំឡូងជ្វានេះណាស់ ។
ដោយមានទឹកភ្លៀងធ្លាក់ញឹកញាប់ជាហូរហែកន្លងមកនេះ កសិករក្នុងស្រុកត្បូងឃ្មុំ ចាប់ផ្ដើមមមាញឹក សម្រុកប្រមូលពូជទងដំឡូងជ្វាទៅដាំបន្តទៀត ខណ:មើមដំឡូងជ្វា មានតម្លៃខ្ពស់ល្អនៅលើទីផ្សារ ។
បងស្រី សុះ ម៉ារី ជាកសិករនៅក្នុងភូមិទួលកំពតទី ១ ឃុំបឹងព្រួល ស្រុកត្បូងឃ្មុំ ខេត្តតត្បូងឃ្មុំ ដែលកំពង់តែ ប្រមូលពូជទងដំឡូងជ្វា យកទៅដាំបន្តទៀត បានឲ្យដឹងនារសៀលថ្ងៃទី ១៣ ខែឧសភា ឆ្នាំ ២០២៥ ថា បន្ទាប់ពីផ្សាំពូជទងដំឡូងជ្វា បានល្មមកាត់ដាំបានហើយ កសិករភ្ជួររាស់ដីលើកជារងៗ រួចយកទងដំឡូងជ្វាទៅដាំ រយ:ពេល ៣ ខែ បានប្រមូលផលហើយ ។
កសិករបន្តទៀតថា ដំឡូងជ្វាដែលគាត់ដាំនេះមានសាច់ព័ណ៌លឿង មានតម្លៃល្អនៅលើទីផ្សារ ដោយកាលពីឆ្នាំ ២០២៤ កន្លងទៅ កសិករលក់បានតម្លៃ ១.៣០០ រៀលក្នុង ១ គីឡូក្រាម នេះជាដំឡូងប្រភេទលេខ ១ រីឯប្រភេទលេខ ២ លក់បានតម្លៃ ១.០០០ រៀលក្នុង ១ គីឡូក្រាម ដោយឡែក មើមដំឡូងជ្វាប្រភេទលេខ ៣ លក់បានតម្លៃ ៧០០ រៀល ទៅ ៨០០ រៀលក្នុង ១ គីឡូក្រាម ដោយឡែកឆ្នាំ ២០២៥ នេះ កសិករមិនទាន់ដឹងថា លក់បានតម្លៃប៉ុន្មាននោះទេ ដោយសារតែកសិករកំពង់តែចាប់ផ្ដើមដាំ ប៉ុន្តែកសិករ រំពឹងទុកថា ឆ្នាំនេះមើមដំឡូងជ្វារបស់គាត់មានតម្លៃល្អនៅលើទីផ្សារដូចឆ្នាំទៅដែរ ។
កសិករបន្ថែមថា ចំពោះទីផ្សារដំឡូងជ្វា ពេលប្រមូលផល មានម៉ូយមកទទួលទិញដល់ក្នុងចំការតែម្ដង មិនពិបាកដឹកជញ្ជូនទៅរកទីផ្សារឆ្ងាយនោះទេ ៕