You are currently viewing ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីគណៈបក្សស្រុក-ឃុំ-ភូមិ នៃស្រុកមេមត់

ឯកឧត្តម ប៉ែន កុសល្យ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីគណៈបក្សស្រុក-ឃុំ-ភូមិ នៃស្រុកមេមត់

( ត្បូងឃ្មុំ ): ឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមេមត់ អញ្ជើញសំណេះសំណាលជាមួយមន្ត្រីគណៈបក្សស្រុក-ឃុំ-ភូមិ នៃស្រុកមេមត់ នៅស្នាក់ការគណបក្សប្រជាជនស្រុកមេមត់ នៅថ្ងៃទី ២៣ ខែឧសភា ឆ្នាំ ២០២៥ ។


ឯកឧត្តម ប៉ែន កុសល្យ បានណែនាំឲ្យក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង ១៤ នៃស្រុកមេមត់ ត្រូវបន្តពង្រឹង និងពង្រីកសមាជិក រក្សាសាមគ្គីភាពផ្ទៃក្នុងរចនាសម្ព័ន្ធ ក្តាប់ឲ្យបាន និងដោះស្រាយរាល់សំណើសំណូមរបស់ប្រជាពលរដ្ឋ ជាពិសេសបន្តការអភិវឌ្ឍក្នុងមូលដ្ឋានឲ្យរីកចម្រើនបន្ថែមទៀត ។


ឯកឧត្តមបានផ្តាំផ្ញើសមាជិកសមាជិកាទាំងអស់ បន្តផ្សព្វផ្សាយយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាពិសេសត្រូវស្រុះស្រួលឯកភាព ប្រកបដោយឆន្ទៈមុតស្រួច បន្តពង្រឹងកិច្ចការងាររចនាសម្ព័ន្ធ ត្រូវមានរបបជីវភាពប្រជុំប្រចាំខែ ដើម្បីដឹងសកម្មភាពអ្វីខ្លះ បានដឹងសំណូមពរពលរដ្ឋដើម្បីដោះស្រាយ ។


ឯកឧត្តម បានបន្ថែមថា ចំពោះបញ្ហានៅមូលដ្ឋាន បើអាចដោះស្រាយបានដោះ តែដោះស្រាយមិនបាន សូមផ្តល់ព័ត៌មានមកក្រុមការងារថ្នាក់ខេត្ត គឺនៅចាំជួយគាំទ្រជានិច្ច ព្រមទាំងក្រើនរំលឹកត្រូវតែរក្សាខ្សែក្រវាត់ឲ្យបាន បន្តយកឲ្យសំឡេងគាំទ្រមិនឲ្យមានការថមថយនោះឡើយ ។


ឯកឧត្តមបានគូសបញ្ជាក់ថា ចំពោះអ្នកដែលមិនគាំទ្របក្សប្រជាជនមួយចំនួនតូចនោះ កុំប្រងើយកន្តើយ កុំបោះបង់ ត្រូវបន្តចុះសួរសុខទុក្ខឲ្យដូចសមាជិក ដើម្បីទាញយកសមានចិត្តពួកគាត់ឲ្យងាកមកគាំទ្រ ព្រោះជាពលរដ្ឋកម្ពុជាសុទ្ធសឹងមានឈាមជ័រខ្មែរដូចគ្នា ដែលត្រូវរួមរួមគ្នាបង្ហាញឲ្យយល់ច្បាស់ពីគោលនយោបាយយ៉ាងល្អប្រពៃរបស់គណបក្សប្រជាជនកម្ពុជា ៕

Leave a Reply