
(ត្បូងឃ្មុំ): លោក យ៉ាន់ សុខា នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ អញ្ជើញលើកទឹកចិត្ត និងកាត់ស្រោមវិញ្ញាសារ នៃការប្រឡងធ្វើតេស្តសមត្ថភាពបញ្ចប់វគ្គសិក្សា របស់សិស្សកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (TVET 1.5M) នៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត នៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ។
ការរៀបចំការប្រឡងធ្វើតេស្តសមត្ថភាពបញ្ចប់វគ្គសិក្សានៅក្នុងខែឧសភា ឆ្នាំ២០២៥នេះ មានរយៈពេល៣ថ្ងៃគឺថ្ងៃទី៥ ថ្ងៃទី៦ និងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥ ដោយមានការចូលរួមពីណាក់លោកគ្រូ-អ្នកគ្រូ បេក្ខជនសិស្ស ដែលបានបញ្ចប់វគ្គសិក្សាទាំងនៅក្នុងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត និងនៅតាមសហគមន៍ តាមបណ្តាឃុំ/សង្កាត់ ក្នុងខេត្តត្បូងឃ្មុំ ជាច្រើនរូប។ ក្នុងនោះ ក៏មានការចូលរួមពីក្រុមហ៊ុន Binhphuoc kratie rubber 2 company limited, ដើម្បីសំណេះសំណាល ជាមួយសិស្ស ដែលមានបំណងចង់បម្រើការងារនៅក្នុងក្រុមហ៊ុន ទៅលើផ្នែកអគ្គិសនី និងជួសជុលរថយន្ដផងដែរ។
ឆ្លៀតក្នុងឱកាសនេះ លោក យ៉ាន់ សុខា បានលើកឡើងថា ការប្រឡងធ្វើតេស្តសមត្ថភាពបញ្ចប់វគ្គសិក្សានេះ ពិតជាមានសារ:សំខាន់ណាស់ សម្រាប់សិស្សទាំងអស់ដែលបានបញ្ចប់វគ្គសិក្សា ដើម្បីបង្ហាញនូវសមត្ថភាពពិតប្រាកដដោយអនុលោមទៅតាមគោលការណ៍នៃការបណ្តុះបណ្តាល គឺ «ឲ្យចប់ ឲ្យចេះ និងឲ្យមានការងារ» ហើយសិស្សនឹងទទួលបានសញ្ញាបត្រដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
សូមជម្រាបជូនថា៖ ការប្រឡងធ្វើតេស្តសមត្ថភាពបញ្ចប់វគ្គសិក្សា របស់សិស្សកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (TVET 1.5M) នាពេលនេះ មានសិស្សសរុបចំនួន ៤៧៣នាក់ ស្រី ២៥០នាក់ បែងចែកតាមមុខជំនាញដូចខាងក្រោម
១-ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ
២-សេវាកម្មបរិក្ខារត្រជាក់ក្នុងគេហដ្ឋាន
៣-ការថែទាំ និងជួសជុលរថយន្ត
៤-សេវាកម្មកាត់សក់បុរស
៥-សេវាកម្មសម្អាងកាយ
៦-ធុរកិច្ចភេសជ្ជៈ
ជាចុងក្រោយ លោក យ៉ាន់ សុខា នាយកមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ បានជូនពរដល់សិស្សជាបេក្ខជនប្រឡងធ្វើតេស្តសមត្ថភាពទាំងអស់ អោយទទួលនូវលទ្ធផលល្អទាំងអស់គ្នា ដើម្បីទទួលបានការងារសមរម្យធ្វើ ឬបង្កើតមុខរបរដោយខ្លួនឯង។
បន្ថែមលើនេះ មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តត្បូងឃ្មុំ រង់ចាំស្វាគមន៍ ការចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌល ដោយមិនមានការបង់ថ្លៃសិក្សា នៅក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសសម្រាប់យុវជនមកពីគ្រួសារក្រីក្រី និងគ្រួសារងាយរងហានិភ័យ ជាពិសេសសិស្សមកពីគ្រួសារក្រីក្រ ឬគ្រួសារងាយរងហានិភ័យ ក៏ទទួលបានប្រាក់ឧបត្ថម្ភ ចំនួន ២៨ម៉ឺនរៀល ក្នុង ១ខែ ដោយការសិក្សាពេញម៉ោងផងដែរ៕