You are currently viewing ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តត្បូងឃ្មុំ បើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០២៤-២០២៨

ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តត្បូងឃ្មុំ បើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាព ២០២៤-២០២៨

 

( ត្បូងឃ្មុំ ):ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ និង ឯកឧត្តម គន់ រ័ត្នមុនី អភិបាលរងខេត្តត្បូងឃ្មុំ និងជាក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត អញ្ជើញជាអធិបតី បើកសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ នាព្រឹកថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០២៥ ស្តីពីពិការភាព ២០២៤-២០២៨ ជូនដល់ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្ត នៅសាលប្រជុំ(គ) សាលាខេត្តត្បូងឃ្មុំ ។

បើតាមរបាយការណ៍របស់លោក អ៊ុន លំអង ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ចំពោះលទ្ធផលផ្ទៀងផ្ទាត់ទិន្ន័យជនពិការទូទាំងខេត្តត្បូងឃ្មុំ ក្នុងប្រព័ន្ធ(DMIS) មានសរុបចំនួន១១,២០៥ ស្រី៥,៤៨៤ តាមការកំណត់អត្តសញ្ញាណពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋានដែលឃុំ សង្កាត់ ក្នុងនោះ មាន ពិការភាពដែលមានអាយុក្រោម១៨ឆ្នាំ ជាកុមារា ៥២១ កុមារី ៤១៩នាក់ ។

នាឱកាសនោះ ឯកឧត្តម គន់ រ័ត្នមុនីុ អភិបាលរងខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា៖ ក្នុងអាណត្តិទី៧ របស់រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានកិត្តិយស ក្រុមប្រឹក្សាសកម្មភាពជនពិការ។ បានដាក់ចេញនូវយុទ្ធសាស្រ្ត បញ្ចកោណដំណាក់កាលទី១ ដែលបានផ្តោតជាសំខាន់ទៅលើយុទ្ធសាស្រ្តគាំពារសង្គមសម្រាប់ជនក្រីក្រ  និងជនងាយរងគ្រោះ  ជាគោលនយោបាយអាទិភាពរបស់រាជរដ្ឋាភិបាល ដែលធានាឱ្យបងប្អូនទទួលបាននូវផលប្រយោជន៍ពីប្រព័ន្ធជំនួយសង្គម និងរបបសន្តិសុខសង្គម បានកាន់តែល្អប្រសើរឡើង ។

ឯកឧត្តម បន្តថា ៖ រាជរដ្ឋាភិបាល ក៏បានបង្កើតច្បាប់ ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការ ហើយច្បាប់នេះ គឺកំពុងឱ្យប្រើប្រាស់ ទាំងអស់នេះបានស្តែងឱ្យឃើញពីការយកចិត្តទុកដាក់ខ្ពស់ អំពីសុខទុក្ខជីវភាពរស់នៅរបស់បងប្អូនមានពិការភាព និងគ្រួសារ ឱ្យមានភាពប្រសើរឡើង ក្នុងការគោរពភាពថ្លៃថ្នូរពីកំណើត និងការរស់នៅដោយឯករាជ្យ ព្រមទាំងសុខុមាលភាពពេញលេញ ដោយលើកកម្ពស់ភាពស្មើគ្នាចំពោះមុខច្បាប់ និងការទទួលបានសេវាយុត្តិធម៌ ការចាកផុតពីការធ្វើទារុណកម្ម ការរំលោភបំពាន ការកេងប្រវ័ញ្ច អំពើហឹង្សា និងដំណោះស្រាយ គ្រាមានអាសន្ន ព្រមទាំងលើកស្ទួយសមភាពស្រ្តីពិការ កុមារពិការ និងជនមានពិការភាពគ្រប់ប្រភេទ ។

ជាមួយគ្នានោះ ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការ ក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា ៖ ចំពោះបញ្ហាជនពិការភាពកន្លងទៅក្រសួង ស្ថាប័នពាក់ព័ន្ធ ក៏ដូចជា រដ្ឋបាលខេត្ត មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្ត រួមទាំង មន្ទីរ-អង្គភាពពាក់ព័ន្ធ និងអភិបាលក្រុង ស្រុក ក៏បានជួយសម្រួលដល់បងប្អូនជនមានពិការភាពរបស់យើងដោយបានយកចិត្តទុកដាក់យ៉ាងខ្លាំង។ វាជាការពិតណាស់ យើងក៏បានទទួលស្គាល់ថា បញ្ហាប្រឈមដែលត្រូវដោះស្រាយចំពោះជនមានពិការភាព រួមមាន ការរស់នៅមានឱកាសតិចតួចក្នុងការរកប្រាក់ចំណូល ការបាត់បង់ខូចខាតសិរីរាង្គណាមួយ ឬសតិបញ្ញាបណ្តាលឱ្យមានការរំខានដល់ជីវភាពរស់នៅ ឬសកម្មភាពនានាប្រចាំថ្ងៃ ដូចជាជនមានពិការភាពរាងកាយ ពិការភាពភ្នែក ពិការភាពក្នុងការស្តាប់ ពិការភាពសតិបញ្ញា និងប្រភេទពិការភាពផ្សេងៗទៀត ដែលនាំឱ្យមានលក្ខណៈមិនប្រក្រតី។ លើមូលដ្ឋាននេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយជាច្រើនបន្តបន្ទាប់ ដូចជា ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។


ឯកឧត្តម អ៊ុង សម្បត្តិ បានសម្តែងនូវការកោតសរសើរចំពោះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តត្បូងឃ្មុំ តំណាងអង្គការជនពិការ និងអង្គការដៃគូរនានា ដែលបានយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់បងប្អូន ជនមានពិការភាពកន្លងមកអស់រយ:ពេលជាច្រើនឆ្នាំផងដែរ ៕

Leave a Reply